ក្រោយលទ្ធផលប្រឡងបាក់ឌុប ចេញជាស្ថាពរ បេក្ខជនប្រឡងជាប់ភាគច្រើនតែគិតគូរពីការរៀនបន្ត ប៉ុន្តែមានមួយចំនួនបានត្រៀមខ្លួនរកការងារធ្វើ ដើម្បីសម្រាលបន្ទុកគ្រួសារ។ តើចប់បាក់ឌុបភ្លាម រកការងារធ្វើភ្លាមល្អដែរទេ?
ទេព ចាន់ថន សិស្សវិទ្យាល័យពងទឹក ដែលទើបប្រឡងជាប់បាក់ឌុបបាននិទ្ទេស D មាន គំនិតស្របនឹងទស្សនៈខាងលើ ព្រោះការរកការងារធ្វើភ្លាមអាចជួយដល់ជីវភាពគ្រួសារ។ ចាន់ថន និយាយថា៖ “ខ្ញុំគិតថាវាជាការល្អដែរ បើសិនជារកការងារធ្វើបាន។ ខ្ញុំនឹងធ្វើការបណ្ដើរ រៀនបណ្ដើរ។ ធ្វើបែបនេះ លំបាកបន្តិចមែន តែវាបានជួយសម្រាលដល់ការចំណាយដែលជាបន្ទុកលើគ្រួសារផងដែរ។ ជាពិសេស ខ្ញុំចង់រៀនផង និងចង់ប្រឡូកចូលក្នុងទីផ្សារការងារដើម្បីយកបទពិសោធផង”។
ចំណែកយុវជន ពេជ្រ ឆានី ដែលទើបប្រឡងជាប់បាក់ឌុបដែរ បាននិទ្ទេស B ក៏មានគំនិតស្របនឹងយុវជនខាងលើដែរ។ ឆានី បាននិយាយថា៖ ” ការរកការងារគឺធ្វើជារឿងចាំបាច់ខ្លាំងណាស់ ពីព្រោះចាយលុយឪពុកម្ដាយអស់ច្រើនឆ្នាំហើយ ល្មមដល់ពេលវេលាត្រូវចំណាយលុយលើការសិក្សារបស់ខ្លួនឯងហើយ។ ម្យ៉ាងវិញទៀត ការចំណាយក្នុងកម្រិតឧត្ដមសិក្សា វាមិនមែនដូចនៅមធ្យមសិក្សានោះទេ។ ការចំណាយកើនឡើងទ្វេដង ដូច្នេះឲ្យឪពុកម្ដាយបង់ថ្លៃសាលា ចំណែកការចំណាយហូបចុក យើងត្រូវរកការងារធ្វើ ទើបអាចជួយដល់គ្រួសារបាន”។
ផ្ទុយពីអ្នកទាំង ពីរខាងលើ យុវតី ព្រីម ស្រីមុំ ទើបប្រឡងជាប់នៅវិទ្យាល័យសន្ធរម៉ុក បាននិយាយថា រកការងារភ្លាមមិនសូវល្អទេ ព្រោះអាចបែកអារម្មណ៍ រៀនទៀតលែងកើត។ “ម្យ៉ាងទៀត ចំណេះវិជ្ជារបស់ខ្ញុំនៅក្មេងខ្ចីពេកដែលចាំបាច់ទាមទារ ការយល់ដឹងច្រើន តាមរយៈការសិក្សាបន្ថែមទៀត។ ហើយបើតាមគម្រោងរបស់ខ្ញុំ នៅឆ្នាំទី២ ទើបចាប់ផ្ដើមរកការងារធ្វើដើម្បីយកបទពិសោធន៍”។ នេះជាសម្តីរបស់កញ្ញាស្រីមុំ។
រីឯយុវជន ធួន វុទ្ធី ដែលទើបប្រឡងជាប់បាក់ឌុបនៅវិទ្យាល័យសន្ធរម៉ុក ចង់រកការងារធ្វើភ្លាមៗដែរ ប៉ុន្តែលោកគិតថាមិនអាចរកការងារបានធ្វើទេ ដោយសាសញ្ញាប័ត្របាក់ឌុបគឺមានកំរិតទាបណាស់។ វុទ្ធី និយាយថា៖ “បើទោះបីជាចង់ធ្វើក៏ពិបាករកការងារដែរ ព្រោះសញ្ញាប័ត្រត្រឹមបាក់ឌុបឥឡូវនេះរកការងារធ្វើមិនបានទេ បើបានក៏ការងារលំដាប់ទាបដែរ។ ដូច្នេះមានត្រូវតែរៀនបន្តទៀត។ សម្រាប់គ្រួសារខ្ញុំ យើងមិនមានបញ្ហាចោទផ្នែកថវិកាអ្វីទេ”។
វុទ្ធី ដែលមានជីវភាពគ្រាន់បើ សុខចិត្តយកពេលពីរកការងារធ្វើក្រៅម៉ោង ទៅរៀនភាសាបរទេសដូចជា ចិន និង អង់គ្លេសវិញ ខណៈពេលដែលគាត់កំពុងសិក្សានៅថ្នាក់ឧត្តមខាងមុខ៕