ពិធី​ប្រគល់​រង្វាន់​និង​វិញ្ញាបនបត្រ​ដល់​និស្សិត​ឆ្នើម​ក្នុង​ការ​សរសេរ​កម្មវិធី (Software) ដែល​បាន​ចូលរួម​ប្រកួត​ប្រជែង​ពិព័រណ៍​ស្នាដៃ​និស្សិត ប្រចាំ ​ឆ្នាំ​២០១១-២០១២ ផ្នែក​វិទ្យាសាស្ត្រ​កុំព្យូទ័រ​របស់​និស្សិត​សិក្សា​នៅ​សាកលវិទ្យាល័យ​ ន័រតុន បាន​ប្រព្រឹត្តិ​ធ្វើ​កាល​ពី​រសៀល​ថ្ងៃ​សៅរ៍​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​នៅ​ សាកលវិទ្យាល័យ​ន័រតុន​ជ្រោយចង្វារ។
ពិធី ​នេះ​មាន​ការ​ចូលរួម​ពី​សាស្ត្រាចារ្យ គណៈគ្រប់គ្រង​និង​សិស្ស​និស្សិត​យ៉ាង​ច្រើន​កុះករ​មក​ពី​គ្រប់​ជំនាន់​ផ្នែក ​ព័ត៌មានវិទ្យា​របស់​សាកលវិទ្យាល័យ។ ក្រៅពី​និស្សិត​ឆ្នើម​ដែល​ជាប់​ជយលាភី បាន​ឡើង​បង្ហាញ​ចំណាប់អារម្មណ៍​ទាក់ទិន​ការ​ប្រកួត​និង​ស្នាដៃ​ដែល​ខ្លួន​ សម្រេច​បាន គណៈ​គ្រប់គ្រង​រួម​ជាមួយ​និស្សិត​ជំនាន់​មុនៗ​ដែល​ធ្លាប់​បាន​សាង​សមិទ្ធផល​ ដ៏​លេចធ្លោ​មួយ​ចំនួន​នៅ​ក្នុង​សាលា ក៏​បាន​ចូលរួម​ចែក​រំលែក​បទពិសោធន៍​លើ​ការ​សិក្សា​ក៏​ដូចជា​ការ​អនុវត្ត​ ការងារដល់​សិស្ស​និស្សិត​ដែល​បាន​ចូលរួម​នា​ឱកាស​នោះ​ផង​ដែរ។
ការ ​​ប្រកួត​ប្រជែង​ពិព័រណ៍​ស្នាដៃ​និស្សិត​ប្រចាំ​ឆ្នាំ​ ២០១១-២០១២ និស្សិត​ដែល​ជាប់​ជយលាភី​ផ្នែក​ឆ្នាំ​ទី​ពីរ​គឺ លេខ​ ១ បាន​ទៅ​លើ​និស្សិត​ឡុង ប៊ុនលី និង​ខាន់ សុវណ្ណសោភា សម្រាប់​ការ​សរសេរ​កម្មវិធី Food Order Assistant។ លេខ​ ២ ​បាន​ទៅ​លើ​និស្សិត សេង ចាន់អៀ និង​ទូច ឈុំកល្យាណ ក្នុង​ការ​បង្កើត​កម្មវិធី K-Music System និង​លេខ ៣ បាន​ទៅ​លើ​និស្សិត ហ៊ី ហាងសេង​និង​ហ៊ាន វណ្ណៈ សម្រាប់​ការ​បង្កើត Hotel Management System។
សម្រាប់ ​និស្សិត​ដែល​ជាប់​ជយលាភី​សម្រាប់​ផ្នែក​ឆ្នាំ​ទី​បី​និង​ទី​បួន លេខ​ ១ បាន​ទៅ​លើ​និស្សិត​លឹម ពេញលេញ និង​សេដ្ឋា ពិសិដ្ឋ​ក្នុង​ការ​បង្កើត​កម្មវិធី Food Ordering។ លេខ​ ២ បាន​ទៅ​លើ Coffee Products Online Shopping របស់​និស្សិត​ថោង ហេង​កុសល និង​លាង ម៉េងលី។ ចំណែក​លេខ ៣ បាន​ទៅ​លើ​និស្សិត​កាំង ម៉េងលាង និង​សាយ គួង សម្រាប់​ការ​បង្កើត University Search Engine Decision។
ដោយ៖ ប៊ុណ្ណារ៉ា