នៅថ្ងៃតាំងពិព័រណ៍ស្នាដៃនិស្សិតនៅ ពេលខាងមុខនេះ គម្រោងប្រមាណ ៣០ របស់និស្សិតសិក្សាផ្នែកព័ត៌មានវិទ្យានៅសាកលវិទ្យាល័យន័រតុន នឹងលើកយកទៅដាក់បង្ហាញដល់សិស្សនិស្សិតទាំងឡាយដើម្បីទស្សនានិង ស្វែងយល់បន្ថែម។
លោក ងួន ប៊ុនសួ ប្រធានស្តីទីផ្នែកកុំព្យូទ័រនៃមហាវិទ្យាល័យវិទ្យាសាស្ត្ររបស់ សាកលវិទ្យាល័យន័រតុន ឲ្យដឹងដែរថា ជារៀងរាល់ឆ្នាំ ន័រតុនតែងតែរៀបចំការពិព័រណ៍ស្នាដៃនិស្សិតដែលសិក្សាជំនាញផ្សេងៗ សម្រាប់ចូលរួមដាក់តាំងបង្ហាញដល់សាធារណជននិងសិស្សនិស្សិតទាំងអស់ សិក្សាស្វែងយល់។ ដោយឡែក សម្រាប់ឆ្នាំនេះនិស្សិតដែលសិក្សាផ្នែកព័ត៌មានវិទ្យានៅន័រតុនពី ឆ្នាំទីមួយដល់ទីបួន នឹងលើកគម្រោងប្រមាណ ៣០ ដើម្បីដាក់ចូលរួមប្រកួតក្នុងពិព័រណ៌ស្នាដៃនិស្សិតនៅពេលខាងមុខ។
លោកថា ការរៀបចំនេះក្នុងគោលបំណងដើម្បីបង្ហាញពីសមិទ្ធផល នៃការសិក្សា ដែលនិស្សិតគ្រប់រូបបានប្រឹងប្រែងសិក្សានៅគ្រាកន្លងទៅ។ ការប្រកួតប្រជែងគ្នានេះក៏ដើម្បីបំផុសឲ្យសិស្សនិស្សិតខិតខំ និងអភិវឌ្ឍជំនាញរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ។ ក្រៅពីនេះក៏ដើម្បីធ្វើតេស្តសមត្ថភាពរបស់និស្សិតម្នាក់ៗ ថាតើកំពុងតែឈានដល់កម្រិតណា ដើម្បីអាចឲ្យពួកគេយកជំនាញដែលបានសិក្សាទាំងនេះ យកទៅបម្រើខ្លួនឯងនៅក្នុងសង្គមជាតិ។
ការតាំងពិព័រណ៍ស្នាដៃនិស្សិតឆ្នាំនេះ នឹងរៀបចំឡើងចាប់ពីថ្ងៃ ៥ ដល់ ១៥ កញ្ញានៅ សាកលវិទ្យាល័យន័រតុនជ្រោយចង្វារ។ ហេតុនេះ មិត្តអ្នកសិក្សាទាំងអស់អាចទៅចូលរួមទស្សនាដោយផ្ទាល់ ពីសមិទ្ធផលនិងស្នាដៃរបស់និស្សិតទាំងនោះបានដោយសេរីនិងការសិក្សា ស្វែងយល់បន្ថែម៕