Wednesday, August 29, 2012

វិធីសាស្ត្រក្នុងការ​និយាយឲ្យបានល្អ​ក្នុងចំណោម​សាធារណជន

ក្នុងការសន្ទនាជាទូទៅ និងការបញ្ចេញមតិយោបល់នៅក្នុងពិធីសាធារណៈផ្សេងៗ ដូចជាកិច្ចប្រជុំជាដើម ទោះតូចក្ដី ធំក្ដី ទាំងអ្នកស្ដាប់ និងអ្នកនិយាយ បើទោះជាសមាជិក ឬក៏ថ្នាក់ដឹកនាំក៏ដោយ គឺត្រូវមានសិល្បៈនៃការនិយាយ និងបញ្ចេញមតិ។ កត្តាដែលគួរយកចិត្តទុកដាក់នោះ តើត្រូវធ្វើដូចម្ដេច ដើម្បីនិយាយឲ្យបានល្អគួរជាទីចាប់អារម្មណ៍ដល់អ្នកចូលរួមស្ដាប់ របស់ខ្លួន?
តាមការដកស្រង់អត្ថបទពីសៀវភៅ «សិល្បៈនិយាយឈ្នះចិត្តមនុស្ស» ដែលរៀបរៀងដោយអ្នកនិពន្ធឈ្មោះ ណុប សុភាព បានឲ្យដឹងថា ការនិយាយមានសារសំខាន់បំផុត ព្រោះថា អ្នកនិយាយដែលមានគោលការណ៍ច្បាស់លាស់តែងតែមានសមត្ថភាពអាចទាក់ទាញ ចំណាប់អារម្មណ៍របស់អ្នកស្ដាប់បាន ទោះបីជានៅក្នុងកិច្ចការអាជីវកម្មក្ដី និងនៅពិធីតូចធំក្ដី។
នៅក្នុងសៀវភៅនោះ អ្នកនិពន្ធបានបញ្ជាក់ថា ការយល់ចិត្តនិងដឹងពីសេចក្ដីត្រូវការរបស់អ្នកស្ដាប់ រមែងឲ្យអ្នកនិយាយទទួលបានផលសម្រេច ហើយថា វិជ្ជាការដែលបានសិក្សាពីក្បួនតម្រាពិតជាមានសារសំខាន់ ប៉ុន្តែសមត្ថភាពក្នុងការនិយាយទើបជាចំណុចសំខាន់ជាង។
ខ្លឹមសារនៅក្នុងសៀវភៅក៏បានលើកឡើងដែរថា អ្នកនិយាយដែលល្អគឺជាមនុស្សដែលនាំចំណុចដែលអាចជាប្រយោជន៍មកដល់ អ្នកស្ដាប់ គឺថា អ្នកនិយាយត្រូវតែមានហេតុផលឲ្យបានត្រឹមត្រូវនៅក្នុងការនិយាយ របស់ខ្លួន។
អ្នកនិពន្ធក៏បានរៀបរាប់ទៀតថា សារៈសំខាន់មួយទៀតក្នុងការនិយាយគឺការប្រើសំឡេង គឺមានន័យថា ការប្រើសំឡេងឲ្យស៊ីនឹងសាច់រឿងនោះនឹងអាចទាក់ទាញចំណាប់អារម្មណ៍ បន្ថែមទៀតពីអ្នកស្ដាប់។
ទោះបីជាយ៉ាងនេះក្ដី អ្នកនិពន្ធបានរំលឹកថា វិធីសាស្ត្រដែលចាំបាច់មួយទៀតដើម្បីធ្វើខ្លួនឲ្យក្លាយជាអ្នកនិយាយ ដ៏ប៉ិនប្រសព្វនោះ គឺការហាត់សមនិយាយមុនពេលចេញទៅអនុវត្តជាក់ស្ដែងនៅឯពិធីពិតៗ ដែលការហាត់សាកល្បងបែបនេះ អាចនាំឲ្យអ្នកនិយាយមានភាពស៊ាំ និងមានសេចក្ដីក្លាហាន ហើយមានភាពជឿជាក់លើខ្លួនឯង។
ចំណុចសំខាន់មួយទៀតដែលសៀវភៅនោះបានបង្ហាញគឺ ការនិយាយនិងការសន្ទនាគួរតែចាប់ផ្ដើម ដែលបង្ហាញពីមេត្រីភាព ឬក៏បង្ហាញពីភាពស្និតស្នាលជាមួយអ្នកស្ដាប់ ឬក៏គូសន្ទនារបស់ខ្លួន ហើយថា «ការឱ្យមេត្រីភាពរមែងទទួលការតបស្នងដោយមេត្រីភាព ព្រោះទឹកឃ្មុំមួយតំណក់តែងតែចាប់រុយបានច្រើនជាងទឹកបណ្ដូលពេច មួយលានដំណក់»។
ដូច្នេះ សៀវភៅនេះអាចជាមគ្គុទ្ទេសក៍ ឬក៏ជាឯកសារជំនួយស្មារតីសម្រាប់អ្នកទាំងឡាយ ដែលមានការងារទាក់ទិននឹងការនិយាយស្ដីជាមួយបុគ្គល និងក្រុមមនុស្ស ដើម្បីឲ្យខ្លួនមិនមានភាពភ័យខ្លាច មិនមានការស្លុតញ័រក្នុងអារម្មណ៍ និងមិនស្ទាក់ស្ទើរ តែមានភាពក្លាហាន ហ៊ានបញ្ចេញមតិយោបល់ដោយស្វាហាប់ បើទោះជាមានការប្រឈម ឬក៏ឧបសគ្គក៏ដោយ៕